មេរៀនទី១

   ខ. តួអង្គសុខុម៖ ជា​មនុស្ស​មាន​ចរិត​ភ្លើតភ្លើន ឆាប់​ឈ្លក់​វង្វេង​នឹង​ទ្រព្យសម្បត្តិ​ចូលចិត្ត​សប្បាយ​ហ៊ឺហា ភ្លេច​មិត្តភក្តិ​ដែល​ធ្លាប់​កម្សត់កម្រ​នឹងគ្នា តែ​ជា​មនុស្ស​អាច​អប់រំ​ណែនាំ​បាន។

   ការប្រៀបធៀប​តួអង្គ គឺជា​ការ​បង្ហាញ​លក្ខណៈ ល្អ អាក្រក់ កាច ស្ងួត​ដោយ​ផ្តោត​ទៅលើ​រូបសម្បត្តិ ចរិតលក្ខណៈ សកម្មភាព របស់​តួអង្គ ។

លំហាត់

   ចូរ​អាន​រឿង ``ក្មេងកំព្រា`` រួច​ធ្វើការ​ប្រៀបធៀប​តួអង្គ​និ​ននិង​គំនិត។

រឿង ក្មេងកំព្រា​

   មាន​បុរស​ពោះម៉ាយ​ម្នាក់​បក​បរ​បរ​ជ្រលក់​អំបោះ។ បុរស​នោះ រស់នៅ​ជាមួយ​កូនប្រុស​ម្នាក់ និង​ក្មួយ​កំព្រា​ម្នាក់។ កូនប្រុស​របស់​គាត់​ឈ្មោះ​និន ឯក្មួយប្រុស​ឈ្មោះ​គំនិត។ រាល់ពេល​បុរស​នោះ​លាយល័ខ​ជ្រលក់​អំបោះ គាត់​តែង​ហៅ​និន និង​គំនិត​មក​ក្បែរ​ដើម្បី​ជួយ​ហុច​នេះ ហុច​នោះ​ឱ្យ​គាត់។ ជា​រឿយៗ និ​នតែង​ដោះសា​ថា រវល់​រៀនសូត្រ ឬធ្វើ​នេះ​ធ្វើ​នោះ​ជានិច្ច ប៉ុន្តែ​គេ​គេច​ទៅដើរ​លេង​ជាមួយ​មិត្តភក្តិ​ទៅវិញ។ ឪពុក​និន​ឮថា​កូន​ជាប់រវល់​ក៏​មិនសូវ​ហៅរក​ទេ។ ឯគំនិត​វិញ ឆ្លៀតពេល​ទំនេរ​ពី​ការសិក្សា គេ​តែង​ជួយ​ឪពុកមា ហើយ​បាន​យល់​ច្បាស់​ពី​រូបមន្ត​ក្នុង​ការ​លាយល័ខ និង​របៀប​ជ្រលក់​អំបោះ។

   ថ្ងៃមួយ បុរស​នោះ​មាន​ជំងឺ​ធ្ងន់ ហើយ​លាចាក​លោក​ទៅ​ចោល​ក្មេង​ទាំងពីរ​ឱ្យ​នៅ​កំព្រា ដោយ​បន្សល់ទុក​ប្រាក់កាស​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។ គំនិត​ប្រាប់​និន​ថា យើង​មាន​ប្រាក់​សល់​តិចតួច​ណាស់ យើង​គួរ​ប្រកបរបរ​ជ្រលក់​អំបោះ​នេះ​បន្ត​ទៅទៀត ទើប​អាច​ចិញ្ចឹមជីវិត​បាន។ និ​នប្រ​កែក​ថា ធ្វើ​មិនកើត​ទេ​ព្រោះ​គេ​មិន​ចេះ​សោះ។ ពេលនោះ​គំនិត​ប្រាប់​និន​ថា ខ្លួន​គេ​ចេះចាំ​និង​អាច​ធ្វើ​កិច្ចការ​ទាំងអស់​នោះ​បាន គ្រាន់តែ​មិនទាន់​ប្រសប់​ប៉ុណ្ណោះ។ និ​នក៏​យល់ព្រម ហើយ​ប្រឹងប្រែង​ធ្វើការងារ​តាំងពី​ពេលនោះ​មករ​ហូត​ដល់​បានសម្រេច។